នាងខ្ញុំឈ្មោះ ចំរើន សុខម៉េង អាយុ២០ឆ្នាំ បច្ចុប្បន្នខ្ញុំជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកសេដ្ឋកិច្ច។
ពេលមករដូវ លើកដំបូងរបស់ខ្ញុំ គឺនៅពេលមានអាយុ15ឆ្នាំ ពេលនោះខ្ញុំក៏បានទៅផ្សារជាមួយម្តាយរបស់ខ្ញុំ ខណៈនោះខ្ញុំមានអារម្មណ៍ថាចុកចង្កេះ ចុកពោះ នឹងសើមខោ។ ពេលនោះខ្ញុំក៏បានប្រាប់ទៅម្តាយខ្ញុំតាមដំណើរនោះ ហើយម្តាយខ្ញុំក៏ប្រាប់ថាកូនមករដូវហើយ ពេលឮដូចនោះខ្ញុំក៏មានការភ័យខ្លាច អៀនខ្មាសខ្លាំងណាស់ ព្រោះខ្ញុំមិនដែលស្គាល់ និងមិនដែលដឹងអំពីការមករដូវទេ។ បន្ទាប់មកខ្ញុំក៏បានសួរទៅម្តាយខ្ញុំថា “ការមករដូវមានន័យដូចម្តេច?” គាត់បានប្រាប់ខ្ញុំថាការមករដូវ គឺជាការពេញវ័យ ពេញក្រមុំនិងគ្រប់ការ។ បន្ទាប់មកទៀតម្តាយរបស់ខ្ញុំបានប្រាប់ អំពីរបៀបប្រើប្រាស់សំឡីអនាម័យ ពេលនោះខ្ញុំអត់ចេះប្រើទេ។ លើសពីនេះទៅទៀតម្តាយរបស់ខ្ញុំបានណែនាំ អំពីការដាំទឹកក្តៅងូតនិងញ៉ាំទឹកអោយបានច្រើនដងក្នុងមួយថ្ងៃ ដើម្បីអោយមានសុខភាពល្អ។ មុនពេលមករដូវ ខ្ញុំធ្លាក់សរ5-7ថ្ងៃនិងពេលដែលខ្ញុំមករដូវ ខ្ញុំប្រើប្រាស់អស់សំឡីអនាម័យ15-18ដុំតូច ហើយពីរ3-4ម៉ោងខ្ញុំផ្លាស់ប្តូរមួយដង នៅពេលដែលខ្ញុំឈឺពោះខ្ញុំញ៉ាំទឹកដែលមានជីវជាតិ ឬក៏ស្អំទឹកកក។
ជាចុងក្រោយខ្ញុំចង់ប្រាប់ដល់ប្អូនៗ ថានៅពេលប្អូនៗមករដូវ សូមកុំមានការភ័យខ្លាច ខ្មាសអៀនអី ព្រោះមនុស្សស្រីទាំងអស់សុទ្ធតែជួបរឿងបែបនេះដូចគ្នាទេ។ ហើយប្អូនៗត្រូវស្វែងយល់ អំពីបញ្ហាការមករដូវនេះអោយបានច្រើន និងរបៀបប្រើសំឡីអនាម័យ ជៀសវាងយករបស់មិនស្អាតផ្សេងៗមកប្រើប្រាស់នៅពេលមករដូវព្រោះថារឿងនេះមិនមែនជាការលេងសើចនោះទេ។