យាណ្ណា
យាណ្ណា(អាយុ ២២ ឆ្នាំ)

ខ្ញុំឈ្មោះ យាណ្ណា ខ្ញុំចាប់ផ្ដើមមានរដូវ ជាលើកដំបូងតាំងពី 7ឆ្នាំមុន នៅពេលខ្ញុំមានអាយុ 16 ឆ្នាំ។ មុនពេលខ្ញុំមានមករដូវខ្ញុំធ្លាប់បានរៀនអំពីមេរៀនខ្លះៗពីការមករដូវ និងសុខភាព តាមរយៈអ្នកបង្រៀនដែលមកពីអង្គការមួយ ចុះមកបង្រៀនយុវជននៅក្នុងភូមិ ពេលនោះខ្ញុំបានដឹងជាច្រើនអំពីសុខភាព និងការមករដូវ។ ក្រោយមកខ្ញុំបានឃើញកូនសៀវភៅតូចមួយដែលនិយាយអំពីការមករដូវមួយក្បាល ខ្ញុំបានយកវាមកមើលនិងអានស្ងាត់ៗនៅបន្ទប់គេង ព្រោះពេលនោះខ្ញុំមានការអៀនខ្មាសដែលអានសៀវភៅបែបនេះ សូម្បីតែម្ដាយរបស់ខ្ញុំក៏មិនហ៊ានឲ្យគាត់ឃើញដែរ។ សៀវភៅនោះបានណែនាំជាច្រើនអំពីការមករដូវ និងសុខភាពរបស់ស្រ្តី បន្ទាប់ពីអានចប់អស់ហើយ ធ្វើឲ្យខ្ញុំបានយល់ដឹងច្រើនពីការមករដូវនិង ការការពារខ្លួននៅពេលមានមករដូវ។ ថ្ងៃមួយពេលខ្ញុំត្រឡប់មកពីសាលារៀនវិញ ខ្ញុំឈឺពោះខ្លាំង បន្ទាប់មកខ្ញុំចូលទៅបន្ទប់ទឹក ស្រាប់តែមានឃើញ ឈាមក្រហមព្រឿងៗប្រឡាក់ខោក្នុងតិចៗ ពេលនោះខ្ញុំបានប្រាប់ដល់ម្ដាយរបស់ខ្ញុំថា មានមករដូវ ហើយមិនឲ្យគាត់ប្រាប់ប៉ាទេ ព្រោះខ្ញុំខ្មាសអៀន។
នៅពេលដែលម្ដាយខ្ញុំដឹង ហើយគាត់បានទៅផ្សារ ដើម្បីទិញសំឡីអនាម័យ និងបានទិញសាច់ បន្លែជាច្រើនដើម្បីធ្វើម្ហូបឲ្យខ្ញុំ និងដាំទឹកក្ដៅឲ្យខ្ញុំញ៉ាំ និងស្អំពោះ ព្រមទាំងបានប្រាប់ថានៅពេលមានមករដូវ ត្រូវញ៉ាំឲ្យបានគ្រប់គ្រាន់ ដូចជា ត្រី សាច់ បន្លែ ជាដើម និងមិនឲ្យខ្ញុំដើរលេងផ្ដេសផ្ដាស ឬលេងលោតកៅស៊ូឡើយ ត្រូវងូតទឹកឲ្យបានស្អាត ហើយគាត់បានបង្រៀន ពីការដាក់សំឡីអនាម័យដល់ខ្ញុំទៀតផង គាត់ឲ្យស្លៀកសម្លៀកបំពាក់រលុងៗងាយស្រួល ហើយគេងឲ្យបានគ្រប់គ្រាន់។

ជាចុងក្រោយសូមផ្ដាំទៅប្អូនៗដែលកំពុងមានមករដូវលើកដំបូង សូមកុំភ័យខ្លាច ខ្មាសអៀន ឬព្រួយបារម្ភអី នៅពេលមានមករដូវ សូមប្រាប់ដល់ម្ដាយ ឬបងប្អូនស្រីរបស់អ្នកដែលគាត់ធ្លាប់មានមករដូវ ដើម្បីទទួលបានការណែនាំពីគាត់ ឬនៅពេលមករដូវមានការឈឺចាប់ ឬឈឺពោះខ្លាំង សូមដាំទឹកក្ដៅញ៉ាំ និងច្រកដាក់ដបស្អំពោះនៅពេលមានការឈឺពោះ ឬញ៉ាំថ្នាំ តែបើមិនបានធូរស្បើយ សូមប្រាប់ម្ដាយ ឬ បងប្អូនស្រីរបស់អ្នក ឬទៅមន្ទីពេទ្យដើម្បីពិគ្រោះជាមួយនិងគ្រូពេទ្យ។