សឿន ចិន្ដា
សឿន ចិន្ដា(អាយុ ២១ ឆ្នាំ)

នាងខ្ញុំឈ្មោះ សឿន ចិន្តា អាយុ២១ឆ្នាំ ជាកូនស្រីទី4 ខ្ញុំបានបញ្ចប់ថ្នាក់ទី12 បច្ចុប្បន្នខ្ញុំកំពុងធ្វើការនៅ ហាងកាហ្វេនៅភ្នំពេញ ហើយក៏កំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ។

នៅពេលដែលខ្ញុំមានអាយុ 15 ឆ្នាំ ខ្ញុំបានមករដូវលើកដំបូង នៅពេលដែលខ្ញុំទៅពីសាលារៀន ពេលនោះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងចុកពោះខុសពីធម្មតា ហើយរោយចង្កេះខ្លាំងណាស់ ពិបាកអង្គុយរៀន ហើយខ្ញុំបានប្រាប់រឿងនេះទៅដល់មិត្តភក្តិខ្ញុំថា ហេតុអ្វីខ្ញុំចុកពោះខ្លាំង ហើយរោយចង្កេះខ្លាំងបែបនេះ មិត្តភក្កិខ្ញុំប្រាប់ថាមករដូវអញ្ចឹងហើយ មិត្តភក្កិខ្ញុំបានប្រាប់ពីការមករដូវលើកដំបូងថា មុនមករដូវគឺ ធ្លាក់ស ចុកពោះ រោយចង្កេះ ធុញថប់ ឆាប់ខឹង មួរម៉ៅ ឡើងមុន ហើយរយៈពេលមករដូវលើកដំបូងគឺ ៤ ទៅ ៥ ថ្ងៃ ទើបអស់ឈាមរដូវ ។ មិត្តភក្កិរបស់ខ្ញុំ បានប្រាប់ពីការសម្អាតខ្លួនពេលមករដូវគឺ ត្រូវងូតទឹក២ទៅ ៣ ដងក្នុងមួយថ្ងៃ ត្រូវសម្អាតខ្លួនអោយស្អាត មុនពេលទៅណាមកណា នៅពេលមករដូវ មិនត្រូវប្រើឡេឬម្សៅពេលមករដូវ មិនត្រូវញ៉ាំរបស់ផ្អាប់ ព្រោះអាចធ្វើឲ្យឈាមរដូវមានក្លិនមិនល្អដល់អ្នកដទៃ។ នៅពេលដែលមិត្តភក្តិ ខ្ញុំប្រាប់រឿងទាំងនេះរួច ហើយខ្ញុំក៏ត្រឡប់មកផ្ទះវិញ ខ្ញុំក៏មានអារម្មណ៍ដូចដែលមិត្តភក្កិខ្ញុំប្រាប់អញ្ចឹងដែរ ហើយពេលនោះខ្ញុំក៏ប្រាប់បងស្រីខ្ញុំថា ម៉េចក៏មានឈាមជាប់ខោក្នុងអញ្ចឹង ហើយពេលនោះខ្ញុំបារម្ភថា ត្រូវធ្វើយ៉ាងដូចម្ដេចទៀត បងស្រីខ្ញុំប្រាប់ថាមិនអីទេ មនុស្សស្រីពេញវ័យគឺអញ្ចឹងហើយ កុំភ័យអី ចាំបងប្រាប់ពីការមករដូវឲ្យដឹង ហើយបងស្រីខ្ញុំ ក៏ទៅទិញសំឡីអនាម័យឲ្យខ្ញុំប្រើ ហើយគាត់ប្រាប់ពីរបៀបប្រើសំឡីអនាម័យដល់ខ្ញុំ គាត់ប្រាប់ថាសំឡីអនាម័យត្រូវប្ដូរមួយថ្ងៃពីរដងរយៈពេល 5 ម៉ោងម្ដង ហើយពេលយប់មិនចាំបាច់ប្រើសំឡីអនាម័យនោះទេ យើងអាចសំពត់ចាស់ៗសម្រាប់ស្លៀកពេលយប់ដើម្បីងាយស្រួលមានខ្យល់ចេញចូល តែបើយើងមិនធ្លាប់ប្រើបែបនេះយើងអាចប្រើសំឡីអនាម័យពេលយប់ក៏បាន ។ពេលមករដូវមិនត្រូវប្រើឡេម្សៅទេ ព្រោះពេលមករដូវ រុនរោមបើក ដើម្បី

បញ្ចេញជាតិពុលចេញពីរាងកាយយើង អញ្ចឹងហើយ មិនត្រូវប្រើឡេម្សៅទេ វាអាចបង្កឲ្យយើង មហារីកស្បែក នឹងកើតជំងឺសើស្បែក ហើយក៏អាចព្រឹត្តិកម្មនឹងឡេឬម្សៅផងដែរ ប៉ុន្តែយើងអាចយកប្រលៃរមៀតមកខាត់ស្បែកបាន ព្រោះវាអាចធ្វើឲ្យស្បែកយើងមានសំណើម និងសស្អាតបាន មិនត្រូវញ៉ាំគ្រឿងម្ជូរ ព្រោះអាចធ្វើឲ្យឈាមរដូវមកមិនល្អ មិនត្រូវញ៉ាំរបស់ផ្អាប់ឡើយ ព្រោះអាចធ្វើឲ្យឈាមរដូវមានក្លិនមិនល្អ ហើយខ្ញុំក៏ធ្វើតាមគាត់ប្រាប់ទាំងអស់។

ប៉ុន្តែនៅពេលក្រោយខ្ញុំដឹងថាព័ត៌មានខ្លះមិនត្រឹមត្រូវទេ ដូច្នេះខ្ញុំមិនធ្វើបែបនោះទេ ដូច្នេះខ្ញុំចង់និយាយទៅប្អូនៗថាសូមស្គាល់ចំណោះដឹងច្បាស់លាស់អំពីការមករដូវ ហើយខ្ញុំសង្ឃឹមថាកុំជឿលើព័ត៌មានដែលត្រឹមត្រូវ ដូចជា អបិយជំនឿបុរាណដែលឮពីលោកយាយ ឬម្ដាយចាស់ៗផងដែរ។